ឥឡូវនេះពិភពលោកយើងកំពុងប្រឈមមុខនឹងហានិភ័យនៃបំលាស់ប្ដូរសីតុណ្ហភាពពីរយ៉ាង គឺនៅរដូវក្ដៅ ក្ដៅចង់ឆេះ ហើយដល់ពេលរដូវរងារ ត្រជាក់ឡើងកកអស់ហើយ។ បើនិយាយពីរឿងត្រជាក់វិញ អ្នកចាញ់រងារគឺនៅមិនសុខទេ ពិបាកសម្របខ្លួនណាស់។ ឥឡូវនេះពី ចង់ញ៉ាំ (Jangnhams) សូមណែនាំប្រភេទអាហារដែលអាចជួយរក្សា និងបង្កើនកម្ដៅក្នុងរាងកាយសម្រាប់អ្នកដែលចាញ់រងារ។
១. ទឹកឃ្មុំ
ដូចដែលយើងបានដឹងរួចមកហើយថា ទឹកឃ្មុំជាសារធាតុរាវដែលមានរសជាតិផ្អែមជាងគេ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងអ្វីដែលកាន់តែពិសេសដែលយើងបានដឹងរួចហើយ នោះថាទឹកឃ្មុំសុទ្ធមិនចេះកកនោះទេ បើទោះបីវាស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ក្រោមសូន្យយ៉ាងណាក៏ដោយ ដូចនេះហើយទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថា ជាអាហារដែលអាចរក្សាកម្ដៅក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត អ៊ីចឹងហើយ បានជានៅរដូវក្ដៅវិញ គេមិនឱ្យក្មេងបរិភោគទឹកឃ្មុំច្រើនទេ ព្រោះវាអាចធ្វើឱ្យក្មេងក្ដៅខ្លួនបាន។
២. គ្រាប់ល្ង
គ្រាប់ល្ងជាប្រភេទធញ្ញជាតិដែលមានផ្ទុកនូវជាតិដែក និងកាល់ស្យូមដែលមានសមត្ថភាពក្នុងរក្សាកម្ដៅក្នុងខ្លួន និងធ្វើឱ្យឆ្អឹង និងសាច់ដុំរឹងមាំ។ ដូចនេះហើយ បើអ្នកចាញ់ត្រជាក់ក្នុងខែរងារ អ្នកអាចរកទិញគ្រាប់ល្ងយកមកច្នៃជាអាហារ ឬគ្រឿងផ្សំក្នុងម្ហូប ឬបង្អែមតាមរបៀបស្រុកទេសរបស់អ្នកនិយមធ្វើ និងចូលចិត្ដបាន។
៣. បន្លែមើម
ប្រភេទបន្លែមើមដូចជា ដំឡូង ការុ៉ត ឆៃថាវ សណ្ដែកដី មើមខ្ទឹមស ខ្ទឹមបារាំង ជាដើម សុទ្ធតែជាប្រភេទអាហារដែលអាចដុតកម្ដៅក្នុងខ្លួនបាន ហើយវាល្អដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនយើងកុំឱ្យចាញ់ទៅនឹងអាកាសធាតុត្រជាក់បាន។
៤. មើមខ្ញី
មើមខ្ញីមានសារធាតុកម្ដៅដែលអាចជួយរក្សាកម្ដៅក្នុងខ្លួនបាន។ មិនត្រឹមតែប៉ុនណោះ វាក៏អាចជួយបង្កើនមេតាប៉ូលីស និងជួយឱ្យសម្ពោធឈាមដើរបានស្រួល កាត់បន្ថយជំងឺបេះដូង។ អ្នកអាចផឹកតែទឹកខ្ញីនៅពេលព្រឹក ឬញ៉ាំជាអន្លក់ក៏បាន។
៥. ស្លឹកជី
ស្លឹកជីពិតតែជាប្រភេទបន្លែបន្ទាប់បន្សំ ងាយស្រួលដាំ និងមានតម្លៃថោកក៏ពិតមែន តែអ្នកប្រហែលជាមិនដឹងទេថា វាមានអត្ថប្រយោជន៍មិនគួរឱ្យជឿ។ ស្លឹកជីមានផ្ទុកនូវ វីតាមីន C វីតាមីន A ស័ង្កសី និងជាតិដែក ដែលសារធាតុទាំងអស់នេះអាចជួយឱ្យសរីរាង្គរបស់យើងអាចប្រយុទ្ធទប់ស្កាត់ទៅនឹងជំងឺឆ្លងជាច្រើនដូចជា ជំងឺផ្តាសាយ ក្អក ប្រហោងឆ្អឹង និងបញ្ហាផ្លូវដង្ហើមផ្សេងទៀត។ ហើយចំណុចពិសេសមួយទៀតវាអាចជួយបង្កើនភាពស៊ាំរបស់រាងកាយទៅនឹងសីតុណ្ហភាពត្រជាក់បាន។
៦. ស៊ុត
ស៊ុតក៏ជាប្រភេទអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនដែលអាចជួយរក្សាកម្ដៅក្នុងខ្លួនប្រាណរបស់យើងនៅក្នុងរដូវរងារបានដែរ៕
ឯកសារយោង៖ www.scoopwhoop.com