របៀបធ្វើបាយឆាម្នាស់

បាយឆាម្នាស់

រាល់ដងធ្លាប់តែញ៉ាំបាយឆាធម្មតាមែនទេ? តោះអញ្ចឹងសាករៀនធ្វើបាយឆាម្នាស់ដែលដាក់ចូលក្នុងម្នាស់វិញមើស ថាប្លែកយ៉ាងណា!!​ ងាយៗ​ ស្រួលៗ គ្រាន់តែធ្វើតាមវិធីខាងក្រោម៖

គ្រឿងផ្សំ

– បាយ ២ចានចង្កឹះ
– បង្គារ ១០ បកសំបកអោយស្អាត

– ម្នាស់ កន្លះចានចង្កឹះ (ហាន់តូចល្មម ប្រហែល ១សម)
– ខ្ទឹមបារាំង ១/៤ ចានចង្កឹះ (ហាន់តូចល្មម ប្រហែល ១សម)
– ការ៉ុត ១/៤ ចានចង្កឹះ (ហាន់តូចល្មម ប្រហែល ១សម)
– គ្រាប់សណ្តែកកំប៉ុង ១/៤ ចានចង្កឹះ
– ទំពាំងបាយជូរគ្រៀម ១/៤ ចានចង្កឹះ
– គ្រាប់ស្វាយចន្ទី ១/៤ ចានចង្កឹះ
– ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
– ស្ករ ១ស្លាបព្រាកាហ្វេ
– ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ
– ម្សៅការី ១ស្លាបព្រាកាហ្វេ
– ប្រេងឆា ២ស្លាបព្រាបាយ

របៀបធ្វើ

១. យកខ្ទះ ដាក់ប្រេងឆាដាំអោយក្តៅ រួចដាក់ខ្ទឹមបារាំង និងខ្ទឹមស បំពងដោយប្រើភ្លើងមធ្យម ប្រហែលជា ២ ទៅ ៣នាទី។
២​. ដាក់បង្គារ គ្រាប់សណ្តែក និងការ៉ុត ឆាចូលគ្នាប្រហែលជា ៣ ទៅ ៤នាទី ។
៣. ដាក់បាយនិងម្នាស់​ ឆា ៣ ទៅ ៤ ត្រឡប់ រួចថែមទឹកស៊ីអ៊ីវ ស្ករ ម្រេច និងម្សៅការី កូរអោយសព្វ និងឆ្អិនល្អ រួចដាក់ទំពាំងបាយជូរ និងគ្រាប់ស្វាយចន្ទី កូរអោយសព្វ ដួសដាក់ក្នុងសម្បកម្នាស់ ជាការស្រេច៕

Leave a comment