ម្ហូប​ប្លែក​ទាំង ៦ មុខ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​ភ្លក្ស​អស់​ហើយ​ឬ​នៅ?

សម្រាប់ភ្ញៀវទេសចរណ៍បរទេសជាច្រើនដែលមកបានមកលេងប្រទេសកម្ពុជា ពួកគាត់មិនដែលភ្លេចឡើយពីការភ្លក្សម្ហូបទាំងនេះ ។ ភ្ញៀវបរទេសខ្លះភ្លក្ស ឃើញថាឆ្ងាញ់ឡើងដល់ថ្នាក់លិតដៃ ស្របពេលភ្ញៀវបរទេសខ្លះទៀត គ្រាន់តែឃើញរត់ចេញ ១០គីឡូម៉ែត្របាត់ទៅហើយ កុំថាឡើយភ្លក្ស តែឲ្យឃើញមិនចង់ឃើញផង ។

ម្យ៉ាងដែរ ប៉ុន្តែទាំងនេះហើយដែលគេថា “Culture Shock” គឺវាធម្មតាសម្រាប់យើង តែប្លែកសម្រាប់គេ ហើយរឿងខ្លះធម្មតាសម្រាប់គេ តែប្លែកសម្រាប់យើង ។

តោះ! ចូលសាច់រឿងថ្ងៃវិញ ។ ថ្ងៃនេះ “ចង់ញ៉ាំ” នឹងធ្វើការណែនាំម្ហូបប្លែកៗទាំងនេះ
ឲ្យប្រិយមិត្តស្គាល់៖

១. អាពីង

អាពីង
អាពីងត្រូវបានចាត់ទុកថា ជាសត្វមានពិសខ្លាំងក្នុងចំណោមសត្វសត្វ​អសិរពិស ។ ទោះជាយ៉ាងនេះក្ដី អាពីងក៏ត្រូវបានក្លាយជាម្ហូបចំណីសម្រាប់ប្រជាជនតំបន់ ហើយក៏មានលក់នៅទីផ្សារផងដែរ ។

ជាធម្មតាគេតែងយកទៅឆា ឬអាំងជាដើម ដែលខ្លួនខាងក្រៅរបស់អាពីងគឺស្រួយឆ្ងាញ់ ហើយចំណែកឯខាងក្នុងវិញមានទឹកតិចៗ (គ្រឿងក្នុង) ហើយបើលោកអ្នកសំណាងល្អ លោកអ្នកអាចនឹងញ៉ាំប៉ះអាពីងញី ដែលសុទ្ធតែពងរបស់វា គឺថា ឆ្ងាញ់ខ្លាំង ។

អាពីង

យើងសង្កេតឃើញថា អាពីងអាំង ឬឆា ត្រូវបានដាក់លក់ច្រើននៅស្គន់ ចន្លោះផ្លូវពីភ្នំពេញ ទៅសៀមរាប ហើយវាក៏ជាតំបន់ដែលគេចាប់បានអាពីងច្រើនផងដែរ ។​ យ៉ាងណាមិញ លោកអ្នកក៏អាចស្វែងរកអាពីងអាំងនេះ តាម Street Food មួយចំនួនផងដែរ ឬក៏អាចទៅ ភោជនីយដ្ឋាន រំដេង ដែលមានដាក់លក់ម្ហូបមួយនេះ ។

២. លិង្គគោ

លិង្គគោ

បាទ! ប្រិយមិត្តអានអត់ខុសទេ ព្រោះអាចនិយាយបានថាប្រជាជនខ្មែរយើងគឺចូលចិត្តបរិភោគណាស់ តួយ៉ាងមានដូចជាលិង្គគោនេះឯង ។

ប្រសិនបើប្រិយមិត្តធ្វើដំណើរទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ប្រិយមិត្តនឹងឧស្សាហ៍ប្រទះឃើញគេដាក់លក់លើ Menu របស់គេ ឬអាចជាម្ហូបប្រចាំហាងផងក៏ថាបាន ។

ចំណែកឯក៏ចម្អិនលិង្គគោនេះវិញ គេអាចធ្វើបានច្រើនមុខដូចជាស្ងោរស៊ុបលិង្គគោជាមួយអង្ក្រងដែលជាម្ហូបពេញនិយមបំផុត ហើយត្រូវបានគេជឿថាវាបង្កើនសមត្ថភាពផ្លូវភេទរបស់បុរសផងដែរ ។

៣. ខ្យារដំរី

ខ្យារដំរី
ប្រសិនបើប្រិយមិត្តមិនហ៊ានញ៉ាំពីងពាង ឬអាពីង ប្រិយមិត្តអាចមកសាកខ្យារដំរីជំនួសក៏បាន ។ អេជែលីណា ជូលី កាលពីគាត់មកលេងកម្សាន្តប្រទេសកម្ពុជាជាលើកដំបូង

Angelina Jolie

គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការទទួលទានអាពីង ឬខ្យារដំរីនេះ ។ សត្វទាំងនេះ ត្រូវបានគេដោតជាចង្កាក់ៗ ហើយដាក់អាំងលក់ ដែលវាសម្បូរទៅដោយជាតិប្រូតេអ៊ីនបំផុត ។

យ៉ាងណាមិញ ខ្យារដំរី ក៏ត្រូវឃើញដាក់លក់ និងពេញនិយមបំផុតនៅផ្លូវ វេនដឺ ក្នុងខេត្តសៀមរាប និងតាមមាត់ទន្លេនាទីក្រុងភ្នំពេញ ។

៤. ស្រាត្រាំពស់

ស្រាថ្នាំពស់

ប្រិយមិត្តប្រហែលមិនសូវជាមានការភ្ញាក់ផ្អើលនោះទេ នៅពេលលឺពីម្ហូបមួយនេះ ។ យើងមើលឃើញថា ប្រជាជនខ្មែរមិនត្រូវតែយកពស់ទៅត្រាំធ្វើថ្នាំប៉ុណ្ណោះទេ នៅមានសត្វក្អែប និងអសិរពិសមួយចំនួនទៀត ។

យ៉ាងណាក្ដី ប្រសិនបើបំណាច់ជាបានជាគេឲ្យសាកហើយ ប្រិយមិត្តអាចធ្វើការសាកល្បងបាន ។

ជាធម្មតាស្រាត្រាំពស់នេះ គឺគេយកសត្វអសិរពិសទាំងមូលយកទៅត្រាំដាក់ក្នុងដបថ្នាំ ហើយដាក់ជាមួយបាយស្រា និងផ្អាប់ទុកមួយរយៈ (ច្រើនខែ) រហូតដល់ពេលដែលអាចពិសារបាន ។

យោងទៅតាមទំនៀមទម្លាប់ជនជាតិចិន គេចាត់ទុកថាស្រាថ្នាំត្រាំសត្វនេះ គឺជាឳសថល្អ ដែលអាចព្យាបាលជំងឺបានច្រើនមុខ ជាពិសេសស្រាត្រាំថ្នាំពស់ក៏ជួយព្យាបាលសក់ជ្រុះ និងបង្កើតសមត្ថភាពផ្លូវភេទផងដែរ ។

៥. ចង្រិតឆា ឬអាំង

ចង្រិតឆា
មិនប្លែកទេសម្រាប់ប្រជាជនខ្មែរ ប៉ុន្តែបរទេសវិញគឺសែនប្លែកបំផុត ។ ចង្រិតឆានេះ គឺគេចម្អិនជាមួយខ្ទឹមស ម្ទេសឲ្យហឹរ ហើយចំណែកឯរសជាតិវិញគឺត្រូវតែនិយាយ “ឆ្ងាញ់ខ្លាំង” ។

ចំណែកឯប្រូតេអ៊ីនវិញ ចង្រិតឆានេះ គឺត្រូវបានក្លាយជាម្ហូបដែលផ្ដល់អត្ថប្រយោជន៍បំផុត រហូតដល់អង្គការសុខភាពពិភពលោកទទួលស្គាល់ពីអត្ថប្រយោជន៍របស់វា ។

៦. ពងទាកូន

ពងទាកូន

បើនិយាយពីម្ហូបចំណុចចុងក្រោយនេះវិញ យើងច្បាស់ជានិយាយថា “ចេះតែថាហើយ គ្មានឃើញប្លែកស្អីផង” ។ ពិតប្រាកដណាស់ សម្រាប់ប្រជាជនខ្មែរ ពងទាកូនត្រូវបានចាត់ទុកថា ជាម្ហូបដែលឆ្ងាញ់ ហើយជារឿងធម្មតាទៅហើយ ។

ស្របពេលជាមួយគ្នានោះដែរ យើងមើលឃើញថា បរទេសវិញគឺភ្ញាក់ផ្អើលខ្លាំងបំផុតជាមួយម្ហូបមួយនេះ ។ យ៉ាងណាក៏ដោយ ពងទាកូននេះត្រូវទុករយៈពេលចន្លោះពី ១៤ ទៅ ២១ថ្ងៃ បានត្រូវបានគេយកមកស្ងោរ ។

តោះប្រិយមិត្ត! ចាំអង្កាល់ទៀត? ទៅសាកល្បងម្ហូបទី២ ទាំងអស់គ្នា ។

Leave a comment