ធ្វើម៉េចទើបបាត់ងងុយដេកម៉ោងរៀន ឬម៉ោងធ្វើការបាន? អាហារទាំង ១១មុខនេះ ប្រហែលជាអាចឲ្យប្រិយមិត្តបាត់ងងុយដេកបាន

ធ្វើម៉េចទើបបាត់ងងុយដេកម៉ោងរៀន ឬធ្វើការ? អាហារទាំង ១១មុខនេះ ប្រហែលជាអាចឲ្យប្រិយមិត្តបាត់ងងុយដេកបាន ។

សាំណាស់! ថ្ងៃនេះជាថ្ងៃសំខាន់ត្រូវបង្ហើយការងារផង ប៉ុន្តែភាពងងុយគេងរបស់ប្រិយមិត្តមិនបានឲ្យប្រិយមិត្តធ្វើរឿងនេះដោយស្រួលឡើយ គឺបានក្បត់នឹងសុឆន្ទៈរបស់ប្រិយមិត្តទៀតហើយ ដែលតម្រូវឲ្យប្រិយមិត្តត្រូវមកតតាំងជាមួយការងារដ៏ច្រើន នៅឆ្លៀតលោក “ងងុយគេង” មិនសហការណ៍ជាមួយគ្នាទៀត ។
ម្ដងណាក៏ដោយ ឲ្យតែរឿងនេះកើតឡើង អារម្មណ៍គឺមួរម៉ៅយកតែម្ដង រកតែធ្វើអីមិនកើត!

នរណាក៏ចូលចិត្តគេងដែរ ព្រោះវាជាសេចក្ដីសុខទីពីររបស់ប្រិយមិត្ត តែភាពងងុយគេងវាទាមទារចំណាប់អារម្មណ៍ខ្លាំងពេក ដែលវាមកបង្អាក់ការងារប្រិយមិត្តស្ទើរតែរាល់ថ្ងៃ ហើយពេលខ្លះទៀត ធ្វើឲ្យការបង្កើនការងារប្រិយមិត្តធ្លាក់ចុះខ្លាំង ។
“ចង់ញ៉ាំ” សុំមិននិយាយពីប្រិយមិត្តដែលធ្វើជាទីទុយពេលយប់ ទើបគ្មានថាមពលធ្វើការងារពេលថ្ងៃបាននោះទេ តែចំពោះប្រិយមិត្តដែលគេងច្រើនដូចជ្រូកហើយ នៅតែងងុយគេងទៀត ប៉ុន្តែនៅតែអត់ឆ្អែត ។ ប្រសិនបើប្រិយមិត្តស្ថិតក្នុងបុគ្គលដែល “ចង់ញ៉ាំ” លើកមកនិយាយ តោះ! រកវិធីសាស្ត្រដោះស្រាយបញ្ហានេះទាំងអស់គ្នា ។

មាន “ចង់ញ៉ាំ” ក្នុងដៃហើយ គឺកុំភ័យ! ដេកមិនលក់ ក៏មានវិធីសាស្ត្រ មិនចង់ដេកលក់ក៏មានវិធីសាស្ត្រជួយដែរ ហើយអ្វីគ្រប់យ៉ាងសុទ្ធតែមកពីរបបអាហាររបស់ប្រិយមិត្ត ។ ឥឡូវប្រិយមិត្តអាចមកសាកញ៉ាំអាហារទាំង ប្រាំមួយដណ្ដប់ ឬ ដប់មួយមុខនេះបាន ។

ប៉ុន្តែឈប់សិន!

(ចុម! ហើយអង្កាល់បានចូលដល់ប្រធានបទ លោកព្រះ)
គ្រាន់តែចង់និយាយថា សុំទោសប្រិយមិត្តដែលនិយមផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីននោះ អត្ថបទនេះនឹងមិននិយាយទេ ព្រោះកាហ្វេអស់ហ្នឹងបានត្រឹមជួយប្រិយមិត្តបណ្ដោះអាសន្ន មិនបានជួយប្រិយមិត្តឲ្យបាត់ងងុយរហូតនោះទេ ។

តោះ! ចូលមែនទែនហើយ….

១. ចេក! ផ្លែចេក

ចេក ឬផ្លែចេក (ហ្នឹងហើយដូចតែគ្នាទេ)គឺជាផ្លែឈើដែលផ្ដល់កម្លាំងដល់ប្រិយមិត្តដែលមិននឹកស្មានដល់ អ្វីដែលពិសេសនោះគឺវាអាចទប់ភាពងងុយគេងរបស់ប្រិយមិត្តរហូតដល់ ៧ ម៉ោងបាន ។
ប្រិយមិត្តធ្លាប់ឃើញ កីឡាករមួយចំនួនញ៉ាំចេក ឬផ្លែចេកពេលម៉ោងសម្រាកទេ? ព្រោះពួកគេត្រូវការកម្លាំងដើម្បីជំនួយពួកគេដែលសាកសមបំផុត ។

២. ផ្លែក្រូច…ក្រូចអីក៏បានដែរ ឲ្យតែផ្លែក្រូច

ទទួលទានផ្លែក្រូចគឺផ្ដល់អត្ថប្រយោជន៍ដល់ប្រិយមិត្តមានពីរចំណុចទីមួយ គឺវីតាមីន C ​និងទីពីរគឺ ជាតិស្ករ ។ សមាធាតុទាំងពីររួមគ្នា ដែលអាចឲ្យប្រិយមិត្តបាត់ងងុយគេងបានភ្លាមៗបាន ។ យ៉ាងណាមិញ បើស្រុកប្រិយមិត្តគ្មានក្រូចទេនោះ ប្រិយមិត្តក៏អាចយកផ្លែម្នាស់ជំនួសក៏បាន ព្រោះម្នាស់អាចដើរតួរងជំនួសក្រូចបាន ។

៣. សាច់ត្រី

បើនិយាយពីក្រុមដែលផ្ដល់ជីវជាតិជាងគេនោះ សាច់ត្រីគឺមិនឲ្យប្រិយមិត្តខកបំណងឡើយ ដោយសារសាច់ស ក្នុងសាច់ត្រីផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់ខួរក្បាល ឆ្អឹង សាច់ដុំ ស្បែក និងសក់ ។ សាច់ត្រីគឺជាជម្រើសដ៏សាកសមបំផុតសម្រាប់ប្រិយមិត្ត​ ដែលជាអាហារផ្ដល់ជំនួយដល់ខួរក្បាល ។

៤. ស៊ុត

បើនិយាយពីអ្នកផ្ដល់ថាមពលខ្លាំងនោះគឺសាច់ត្រី ប៉ុន្តែស៊ុតក៏មិនឲ្យចាញ់ចិត្តសាច់ត្រីឡើយ ។ ស៊ុត ត្រូវបានទទួលស្គាល់ថា ជាប្រភេទស៊ុតដែលមានជាតិកាឡូរីទាប ហើយមានប្រូតេអ៊ីនខ្ពស់ (វីតាមីន B) ។
ជាទូទៅ ស៊ុតគឺម្ចាស់ពានលាក់ខ្លួន ដែលធ្វើការផ្ដល់កម្លាំង និងថាមពលដល់ប្រិយមិត្ត ទាំងរូបរាងកាយ និងសមត្ថភាពខួរក្បាល ។

៥. បន្លែបៃតង

“ចង់ញ៉ាំ” ជឿថា គ្មាននរណាបោះបង់សាច់ ស្រវ៉ាបន្លែទេ បើមានក៏មានចំនួនតិចដែរ ប៉ុន្តែជឿមិនជឿនោះ បន្លែបៃតងគឺពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រិយមិត្តជាពិសេសបំបាត់ការទាមទារចំណាប់អារម្មណ៍របស់លោកងុយគេងបាន ។
គេនិយាយថា “ថ្នាំល្វីង គឺជាថ្នាំល្អ” មិនខុសគ្នានោះដែរ “ម្ហូបដែលអណ្ដាតមិនពេញចិត្ត ប៉ុន្តែអាចជាសំណព្វចិត្តរបស់រូបរាងកាយរបស់យើង” ។

ជាទូទៅ បន្លែគឺមានផ្ទុកនូវជីវជាតិជាច្រើនដូចជាហ្វូលែត ហ្វាយប៊ឺរ វីតាមីនC វីតាមីនK ដែលជួយជំនួយដល់កម្លាំង និងសមត្ថភាពខួរក្បាល និងរូបរាងកាយរបស់យើងកុំឲ្យងងុយគេងខុសរបៀបបាន ។

៦. សណ្ដែក…ដី

ប្រសិនបើប្រិយមិត្តកំពុងខ្វះខាតថវិការ ចង់ចង់ញ៉ាំរបស់ឆ្ងាញ់ៗ តម្លៃមិនសូវថ្លៃ(ថោក) រកទិញស្រួលនោះ សណ្ដែកដីគឺល្អបំផុត ព្រោះសណ្ដែកដីមានសមត្ថភាពខ្ពស់ដែលអាចការពារប្រិយមិត្តពីការងងុយគេងខុសរបៀបបានដូចគ្នា ។
សណ្ដែកដីមានផ្ទុកជាតិប្រូតេអ៊ីន និងអូម៉េហ្គា ៣ ខ្ពស់ ។ ជីវជាតិទាំងពីរនេះ នឹងជួយប្រិយមិត្តពីការអស់កម្លាំងដ៏មានប្រសិទ្ធិភាព ។

៧. ផ្លែបឺរ

បើតាមអត្ថបទមុនៗ “ចង់ញ៉ាំ” ក៏ធ្លាប់និយាយពីអត្ថប្រយោជន៍ផ្លែបឺរនេះ ឥឡូវក៏នៅតែមានប្រយោជន៍ដូចគ្នា ។ ផ្លែបឺរ មិនត្រឹមតែជួយកាត់បន្ថយជំងឺជាច្រើនប៉ុននោះទេ តែថែមទាំងកាត់បន្ថយការងងុយគេងផងដែរ ។

៨. ទឹកអំពៅ

នរណាក៏ស្គាល់ដែរ ទឹកអំពៅ ហើយពេញនិយមបំផុតនារដូវម៉ែអាក្ដៅខ្លាំង ព្រោះមិនត្រឹមតែបំពេញជាតិទឹកប៉ុននោះទេ តែថែមទាំងជួយកាត់បន្ថយភាពងងុយគេងខ្ពស់បំផុត ។
ខុសពីជាតិស្ករផ្សេងដទៃ ទឹកអំពៅគឺល្អបំផុតចំពោះសុខភាព ។ វាមានផ្ទុកសារជាតិល្អៗជាច្រើនដូចជា ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែលជួយដល់ប្រិយមិត្តមានប្រសិទ្ធិល្អ ។

៩. អ្នកក្លាហានល្បីឈ្មោះប្រចាំឆ្នាំ “ផ្លែពោត”

បើប្រៀបធៀបជាមួយអាហាររូបត្ថម្ភផ្សេងៗនោះ ពោតគឺជាផ្លែឈើដែលមានជីវជាតិខ្ពស់ ល្អចំពោះសុខភាពខ្លាំង ។ ផ្លែពោតជួយឲ្យប្រិយមិត្តមិនឲ្យងងុយគេង មានកម្លាំង ដោយសារតែហ្វាយបឺរ និងកាបូអ៊ីដ្រាតដែលមានផ្ទុកក្នុងផ្លែពោត ។
ហើយពិតប្រាកដណាស់ នេះជាមូលហេតុដែលនៅរោងកុនគេលក់ Popcorn ដាច់ ។ អ៊ីចឹង! ប្រសិនបើប្រិយមិត្តមិនចង់ងងុយគេងកំឡុងពេលមើលរឿងនោះ Popcorn អាចជួយបាន ។

១០. ផឹកទឹក



ប្រិយមិត្តដឹងហើយ ទឺក មិនមែនជាម្ហូបទេ ប៉ុន្តែទឹកគឺមានតួនាទីក្នុងការរំខានយាយីពីការងងុយគេង ។

ហេតុអី? ព្រោះទឹកផ្ដល់ជាតិទឹកដល់ប្រិយមិត្ត ។
ការផ្ដល់ជាតិទឹកគ្រប់គ្រាន់ដល់សារពាង្គកាយមិនត្រូវតែទប់ស្កាត់ការងងុយគេងមានប្រសិទ្ធភាពនោះទេ តែថែមទាំងអាចឲ្យប្រិយមិត្តផ្ដោតអារម្មណ៍បានខ្ពស់បំផុត ។ ម្ហូបដែល “ចង់ញ៉ាំ” រៀបរាប់ខាងលើគឺមិនគ្រប់គ្រាន់ឡើយ បើប្រិយមិត្តគិតតែញ៉ាំ មិនផឹកទឹកនោះ ។

១១. ការទំពារស្ករកៅស៊ូហឹរប្រហើរ

មកដល់ចំណុចកូនពៅនេះ គឺការទំពារស្ករកៅស៊ូ ហើយប្រិយមិត្តប្រហែលជាធ្វើមុខឆ្ងល់ហើយថាម៉េចក៏ទំពារស្ករកៅស៊ូសោះ ក៏បាត់ងងុយគេងដែរ? ត្រូវហើយ ស្ករកៅស៊ូ ក៏មិនមែនម្ហូបដូចគ្នា ប៉ុន្តែវាអាចជួយសង្គ្រោះប្រិយមិត្តពីការងងុយគេង មិនចាញ់បងៗវាដែរ ។

ហេតុអី?

ព្រោះនៅពេលទំពារស្ករកៅស៊ូ ប្រិយមិត្តកំពុងតែធ្វើលំហាត់ប្រាណមុខជាប់ជានិច្ច ដែលដែលជាការរក្សាចរន្តឈាមបញ្ចូនទៅក្បាលមានស្ថេរភាព ។ ហើយនេះជាមូលហេតុចម្បង ដែលយើងមិនអាចងងុយគេងបានឡើយ នៅពេលទំពារស្ករកៅស៊ូ ។ កាន់តែងងុយគេងខ្លាំងប៉ុនណា កាន់តែទំពារស្ករកៅស៊ូលឿន ហើយខ្លាំងប៉ុណ្ណឹងដែរ ទើបយើងអាចឈ្នះភាពងងុយគេងបាន ។

ស្ដាប់មើលទៅវារៀងកំប្លែងតិច ប៉ុន្តែដូចពាក្យមួយគេនិយាយថា “If it’s silly, but it works. It’s not silly” បានន័យថា “ប្រសិនបើវាមើលទៅឆ្កួតៗ ប៉ុន្តែវាមានប្រសិទ្ធិភាព ចឹងវាមិនមែនជារឿងឆ្កួតទេ” ។

Leave a comment