ញ៉ាំអាហារប៊ូហ្វេ (Buffet) យ៉ាងម៉េច ដើម្បីកុំឲ្យខាត?

អាហារប៊ូហ្វេ គឺជាអាហារដែលយើងអាចញ៉ាំបានម្ហូបគ្រប់យ៉ាងបានតាមចិត្ត ។ អាហារនេះទៀតសោត ល្អបំផុតសម្រាប់បំផុតអ្នកដែលពិបាកកម្ម៉ង់ម្ហូបម្ដងៗ មិនដឹងសម្រេចចិត្តយកមួយណា ទុកមួយណា ។ យ៉ាងណាក៏ដោយ ការញ៉ាំអាហារប៊ូហ្វេ តែមិនពូកែញ៉ាំទេ ច្បាស់ជាខាតលុយហើយ ។
កុំភ័យ! ថ្ងៃនេះ “ចង់ញ៉ាំ” នឹងប្រាប់ពីរបៀបញ៉ាំអាហារប៊ូហ្វេយ៉ាងដូចម្ដេចបានចំណេញ? តោះទៅដឹងទាំងអស់គ្នា ។

១. ស្លៀកខោអាវរលុងៗ



ទៅញ៉ាំប៊ូហ្វេ ដាច់ខាតកុំស្លៀកខោអាវតឹងរឹបរាង ប្រយ័ត្នញ៉ាំបានតែបីម៉ាត់ តឹងខោស្រេច ។ ស្លៀកខោអាវណាដែលរលុង ស្រួលខ្លួន ដូចជាខោអាចក្រណាត់ៗដែលវាងាយស្រួលដល់យើង ។

២. ញ៉ាំម្ហូបដែលថ្លៃមុន


ញ៉ាំតាមតម្លៃម្ហូប ដូចជាសាច់គោ ឬបង្គា បង្កងជាដើម ។ ប្រសិនបើអ្នកជាញ៉ាំអាហារបួស គួរញ៉ាំម្ហូបដែលស្រួលរំលាយ ហើយយើងក៏អាចញ៉ាំបានច្រើន ។ ធ្វើដូចនេះ យើងនឹងប្រាកដក្នុងចិត្តថា យើងពិតបង់លុយមិនខាត ។

៣. យកចានគោមទុកដាក់បង្អែម



ជាធម្មតា ចានបង្អែមគេតែងតែដាក់ចានតូចឲ្យ ។ ដូច្នេះដើម្បីបានញ៉ាំច្រើន ប្រើចានគោមសម្រាប់ដួសបង្អែម ឬការ៉េម ។ ប្រសិនបើអត់មានចានគោមទេ គួរប្រើចានបាយជំនួសដែលយើងអាចដាក់បាននំខេក ឬការ៉េមបានច្រើន ។ យ៉ាងណាមិញ ត្រូវប្រយ័ត្នផងថា កន្លែងប៊ូហ្វេប្រិយមិត្ត គេមិនមានបម្រាមរឿងហ្នឹងទេ ។

៤. ផឹកទឹក មុននឹងទៅញ៉ាំអាហារប៊ូហ្វេ


ប្រសិនបើក្នុងខ្លួនយើងមានជាតិទឹកគ្រប់គ្រាន់ វានឹងធ្វើឲ្យក្រពះរបស់យើងឃ្លានជាប់ជានិច្ច ដែលយើងអាចញ៉ាំអាហារបានច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ប្រិយមិត្តពុំគួរផឹកទឹកច្រើនពេកទេ ព្រោះតែផឹកលើស ក្រពះពេញហើយ ក៏ប្រិយមិត្តញ៉ាំបានតិចដដែលទេ ។

៥. ញ៉ាំអីតិចតួចមុនសិន មុននឹងទៅញ៉ាំប៊ូហ្វេ


នៅពេលយើងឃ្លានខ្លាំង ហើយទៅញ៉ាំអាហារប៊ូហ្វេ ប្រិយមិត្តនឹងញ៉ាំអាហារប៊ូហ្វេលឿន ប៉ុន្តែបើញ៉ាំលឿន ឆ្អែតក៏លឿនដូចគ្នា ។ ដូច្នេះប្រិយមិត្តគួរញ៉ាំអាហារតិចតួចសិន ស៊ឹមទៅញ៉ាំអាហារប៊ូហ្វេ អាចដូចជា ញ៉ាំផ្លែប៉ោមមួយផ្លែ ការ៉េមជាដើម ។

៦. ញ៉ាំអាហារដែលងាយស្រួលទំពារសិន



ប្រសិនបើប្រិយមិត្តញ៉ាំអាហារដែលពិបាកទំពារ ប្រិយមិត្តនឹងមានអារម្មណ៍ថាឆាប់ឆ្អែតជាមិនខាន ។ ញ៉ាំអាហារដែលស្រួលទំពារ ដើម្បីឲ្យពោះរបស់យើង មានកន្លែងទំនេរសម្រាប់ដាក់អាហារផ្សេងទៀត ។ មុនដំបូងយើងអាចញ៉ាំសាឡាដ បន្ទាប់មកបង្គា ឬបង្កង ហើយចាំបន្តញ៉ាំផ្សេងទៀត ។

៧. ញ៉ាំអាហារមួយៗ


ដាច់ខាតកុំញ៉ាំអាហារប៊ូហ្វេលឿន ព្រោះដូចដែលបានលើកឡើងខាងលើ ប្រសិនបើប្រិយមិត្តញ៉ាំអាហារលឿន នោះប្រិយមិត្តនឹងឆាប់ឆ្អែតបំផុត ។ ទំពារមួយៗតាមធម្មតា ហើយសម្រាបប្រហែល១ ទៅ២នាទី នៅពេលញ៉ាំអាហារអស់ ។

៨. ជៀសវាងឲ្យឆ្ងាយពីសូដា


ធាតុផ្សំរបស់សូដា អាចនឹងឲ្យប្រិយមិត្តញ៉ាំអាហារបានតែបន្តិច ក៏មានអារម្មណ៍ថាឆ្អែតបាត់ហើយ ។ ដូច្នេះ ប្រិយមិត្តអាចញ៉ាំទឹក ឬទឹកក្រូចច្របាច់ជំនួសវិញ ។ ប្រសិនបើប្រិយមិត្តចង់ញ៉ាំសូដា អាចចាំញ៉ាំពេលចុងក្រោយ នៅពេលប្រិយមិត្តជិតឆ្អែតហើយ ។

៩. ជៀសវាងការញ៉ាំសល់


បើទោះបីជាប្រិយមិត្តចង់ញ៉ាំឲ្យចំណេញក៏ដោយ ប៉ុន្តែដាច់ខាតកុំញ៉ាំឲ្យសល់អី ។ ដើម្បីកុំឲ្យការញ៉ាំសល់នេះកើតឡើង យើងអាចចាប់ម្ហូបតិចៗវិញ នៅពេលប្រិយមិត្តមានអារម្មណ៍ថាជិតឆ្អែតហើយ ។ សូមចងចាំថា កន្លែងហាងប៊ូហ្វេមួយចំនួននឹងធ្វើការផាកពិន័យដល់អ្នកញ៉ាំអាហារមិនអស់ពីតុ ។ ស្រួលមិនស្រួល គេផាកចូលដើម !!!!

តែប៉ុណ្ណេះ ដឹងតែលែងខាតហើយ!

Leave a comment