តោះ! មកស្គាល់កំពូលៗអ្នកញ៉ាំទាំង ៨ ប្រភេទនេះ

type of eater

ប្រិយមិត្តបានដឹងហើយថា មនុស្សម្នាក់ៗសុទ្ធតែមានទម្លាប់នៃការញ៉ាំប្លែកៗខុសពីគ្នា។ ហើយមិនថាតែទម្លាប់នៃការញ៉ាំទេ សូម្បីតែរៀបចំចានដើម្បីថតរូបផុស​ ទម្រាំដាច់ចិត្តញ៉ាំហ្នឹងក៏ខុសគ្នាដែរ។ អ្នកខ្លះថតមួយសន្លឹក ផុសខ្វាច់ អ្នកខ្លះវិញចម្រាញ់ មួយក្នុងចំណោមមួយរយ ដើម្បីប្រាកដប្រជាថា ម្ហូបគាត់ស្អាតដូចម្ហូបរបស់ព្រះនាង។

ថ្ងៃនេះ “ចង់ញ៉ាំ” សូមណែនាំប្រិយមិត្តឲ្យស្គាល់ទម្លាប់នៃការញ៉ាំទាំង ៨ ខុសៗគ្នា ប្លែកៗខុសគ្នា ហើយ “ចង់ញ៉ាំ” ជឿជាក់ថា ប្រិយមិត្តច្បាស់ជាមានមួយក្នុងចំណោមទាំង ៨ ជាក់ជាមិនខាន ។

១. កំពូលអ្នកដណ្ដើម

Type of eating

“ចង់ញ៉ាំ” ជឿជាក់ថាប្រិយមិត្តយើងខ្លះប្រាកដជាមាននៅទីនេះ។ គាត់ជាមនុស្សដែលមិនសូវជាមានគេចូលចិត្តអង្គុយញ៉ាំជាមួយទេ​ ព្រោះតែជំនាញដណ្ដើមរបស់គាត់។ ឧបមាថា យើងកម្ម៉ង់បាយសាច់ជ្រូកពងទាចៀន ដឹងតែពងទាចៀនយើងត្រូវបានគាត់ដណ្ដើមអស់ពាក់កណ្ដាលហើយ ។ ហើយតែមិនប្រយ័ត្នហ្នឹង សាច់ជ្រូកចៀនរបស់យើងក៏មិនប្រាកដថាមានសុវត្ថិភាពដែរ ។

ដូច្នេះហើយប្រសិនបើអ្នកស្ថិតក្នុងប្រភេទមនុស្សដណ្ដើយ​ម្ហូបអ្នកដទៃនេះ គួរគប្បីតែរកអ្នកពិភាក្សាពីបញ្ហានេះឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពួកយើងញ៉ាំដោយមានក្ដីសុខផង។

២. កំពូលអ្នកខ្លាចធាត់បានតែមាត់

Type of eater

បើនិយាយពីការខ្លាចធាត់ ប្រហែលជាត្រូវសាច់រឿងជាមួយនារីៗហើយ។ គាត់មានចំណុចខ្សោយមួយគឺខ្លាចធាត់ តែចំណុចខ្លាំងរបស់គាត់ “ញ៉ាំចាញ់គេហែកមាត់ចោល” ។ ជាធម្មតា មិនថាគាត់ជួបរឿងមិនសប្បាយចិត្តនៅកន្លែងធ្វើការ បញ្ហាជីវិត បែកបាក់ស្នេហា គឺគាត់មិនដែលភ្លេចរឿងញ៉ាំឡើយ។ ប្រភេទមនុស្សខ្លាចធាត់នេះ ភាគច្រើនយើងឧស្សាហ៍ឃើញគាត់នៅហាងការ៉េម កន្លែងលក់អាហារ Fast Food ហើយបើអ្នកប្រទះឃើញគាត់នៅភោជនីយដ្ឋានណាមួយតែម្នាក់ឯងវិញ កុំមើលតុគាត់អី សុទ្ធតែរបស់ប៉ូវ។

បន្ទាប់ពីញ៉ាំឆ្អែតរួចរាល់ហើយ ជាពេលដែលគាត់ចាប់ផ្ដើមចូលតួ ពិបាកចិត្ត ខ្លាចធាត់ព្រោះញ៉ាំច្រើនលើសលស់ ប៉ុន្តែបានតែប៉ុន្មានម៉ោងទេ ភ្លេចៗខ្លួនឃើញគាត់បានការ៉េមនៅហ្នឹងដៃមិនដឹងពីថ្មើរណាមកផង ។

៣. កំពូលអ្នកញ៉ាំបែបរាប់គ្រាប់បាយ

Type of eater

ជាទូទៅ កំពូលអ្នកញ៉ាំបែបរាប់គ្រាប់បាយនេះពុំសូវជាបានត្រូវគេអញ្ជើញទៅញ៉ាំអាហារខាងក្រៅអីប៉ុន្មានទេ ព្រោះតែគាត់មានទម្លាប់ញ៉ាំយឺត…អត់ទេ គឺមហាយឺត។ កំពូលអ្នកញ៉ាំប្រភេទនេះ គឺចាត់ទុកការញ៉ាំហាក់បីដូចជាសិល្បមួយ មានន័យថាប្រសិនបើយើងបានញ៉ាំអាហារជាមួយគាត់នោះ គឺថាយើងញ៉ាំចប់២០នាទីហើយ តែកុំមើលគាត់ ទើបតែញ៉ាំបានបីស្លាបព្រាទេ ហើយអ្វីដែលរឿងបន្ទាប់គឺយើងអង្គុយមើលគាត់ សម្ដែងសិល្បញ៉ាំហើយ ។

គំនិតល្អ ប្រសិនបើប្រិយមិត្តដឹងឬស្គាល់កំពូលអ្នកញ៉ាំបែបនេះ គួរអញ្ជើញកំពូលអ្នកញ៉ាំចំណុចទី១ មកចាត់ការគាត់ចេញ ។

៤. កំពូលអ្នកវិភាគ Master Chef

Type of eater

កំពូលអ្នកវិភាគ Master Chef នេះជាប្រភេទអ្នកវិភាគម្ហូបរបស់គេគ្រប់ចំណុចល្អិតល្អន់ តែវាពន់ពេក។ ប្រសិនបើអ្នកច្រឡំអញ្ជើញគាត់ទៅជាមួយអ្នកនោះ អ្នកនឹងមានអ្នកឯកទេសខាងវិភាគមកជាមួយហើយ។ គាត់នឹងវិភាគស្រាដែលអ្នកនឹងទទួលទាន តាំងពីក្នុងដប រហូតដល់ចាក់ដល់កែវដូចម៉ោងពិសោធន៍គីមីបេះដាក់។

ហើយពួកគាត់អត់ដែលសប្បាយចិត្តជាមួយនឹងហាងដែលគាត់ទៅញ៉ាំនោះទេ។ ចាំមើលតែគាត់ញ៉ាំហើយ ត្រៀមត្រចៀកគាត់រអ៊ូទៅ ព្រោះគាត់នឹងរៀបរាប់ចាប់តាំងពីសាច់មិនឆ្អិនល្អ បន្លែមិនស្រស់ ស្រួលមិនស្រួលជេរយើងដែលហៅគាត់ទៅទៀត។

៥. កំពូលអ្នកញ៉ាំបែបតារាម៉ូឌែល

Type of eater

តារាម៉ូឌែលញ៉ាំបែបយ៉ាងម៉េច គឺគាត់ញ៉ាំបែបនោះឯង។ កំពូលអ្នកញ៉ាំបែបតារាម៉ូឌែលមិនចូលចិត្តញ៉ាំច្រើនទេ ព្រោះជាទម្លាប់គាត់ភ្ញាក់ពីព្រលឹម គាត់ញ៉ាំតែបន្លែ ហើយជាដៃគូមហាអស្ចារ្យខាងរិះគន់ម្ហូបលើតុយើង ថាញ៉ាំសាច់នេះធាត់នោះធាត់ នេះមិនល្អ នោះមិនល្អ … ពេលខ្លះជាងម៉ែទៀត តែមានគាត់ក៏ល្អដែរព្រោះដូចមានអ្នកជំនាញអាហារក្បែរខ្លួន ។

៦. កំពូលអ្នកថតរូបអាជីព

Type of eater

យើងដឹងថាហើយមួយទស្សវត្សន៍ចុងក្រោយនេះ សន្ទុះនៃបណ្ដាញសង្គមបានរីកចម្រើនខ្លាំង ដែលជាបណ្ដុំចែករំលែកនូវរឿងរ៉ាវគ្រប់យ៉ាង តាំងពីការរស់នៅ ការហូបចុក ការស្លៀកពាក់ជាដើម។ កំពូលអ្នកថតរូបអាជីព មិនមែនជំនាញញ៉ាំទេ តែជំនាញកម្ម៉ង់ម្ហូបយកម្ហូបមកថត។ គាត់ទៅហៅកាហ្វេ គាត់ថត ១០០សន្លឹក ចម្រាញ់បានមួយសន្លឹកទៅ ។ ទម្រាំតែថតបាន ទឹកកករលាយបាត់អស់ហើយ ។ គាត់ទៅហាងញ៉ាំអាហារ គាត់ថតលុះក្ស័យទម្រាំបានមួយសន្លឹកយកមកផុសក្នុងបណ្ដាញសង្គមគាត់។ អាណិតគាត់ដែរ ដូច្នេះប្រសិនបើអ្នកឃើញរូបម្ហូបគាត់លើបណ្ដាញសង្គមអី ជួយដឹងលឺជាមួយគាត់ផង ព្រោះគាត់ប្រឹងប្រែងណាស់ ។

ហើយបើសួរថា គាត់ញ៉ាំម្ហូបទាំងហ្នឹងទេ គឺអត់ទេ។ មែនទែនទៅ គាត់ជាប្រភេទមនុស្សដែលញ៉ាំអាហារបែបតារាម៉ូឌែលទៅវិញទេ។

៧. កំពូលអ្នកញ៉ាំមួយតុមានតែគាត់

Type of eater

កំពូលអ្នកញ៉ាំមួយតុមានតែគាត់នេះ ប្រសិនបើយើងបានញ៉ាំជាមួយគាត់គឺគ្រោះថ្នាក់ធំហើយ មានន័យថា គាត់ញ៉ាំតែលើតុមែន តែក្រោមចានគាត់គឺសុទ្ធតែម្ហូបគាត់ដែលធ្លាក់ចេញពីចានគាត់ហ្នឹង។ ក្រោមតុគាត់មិនគ្រប់ មកបង្គ្រប់ក្រោមចានយើងបន្ថែម ។ ហើយប្រសិនបើលើចានគាត់ជាមីឆា ឬ Spaghetti វិញច្បាស់ណាស់ តែមិនគេចម្ដងៗទេ សសៃមីនឹងហោះមកពេញមុខយើងជាក់ជាមិនខានឡើយ។

៨. កំពូលអ្នកញ៉ាំបែបមួយពិភពលោកមានតែគាត់ពីរនាក់

Type of eater

ជាកំពូលអ្នកញ៉ាំដែលអ្នក Single អាជីពមិនចង់ឃើញឡើយ។ ពេលពួកគាត់ញ៉ាំជាមួយគ្នាម្ដង ទោះបីយើងកំពុងអង្គុយក្បែរគ្នាក៏ដោយ គឺគាត់ចែកគ្នា ដួសឲ្យគ្នា នៅមានឆ្លៀតសួរ ឆ្ងាញ់អត់? ឆ្អែតអត់? ម៉េចដែរ? និយាយទៅគឺយើងអ្នកនៅក្បែរនេះ ចង់តែហក់ទៅកាប់ចានទេ។ ហើយមិនដឹងកាលណាចប់ទៀត បញ្ចុកចុះបញ្ចុកឡើង ហាក់បីដូចជាពិភពលោកនេះ មានតែគាត់ពីរនាក់ហ្នឹង។

បន្ទាប់ពីអានអត្ថបទខាងលើនេះហើយ ប្រិយមិត្តគិតថាប្រិយមិត្តស្ថិតក្នុងប្រភេទណាដែរ? ចែករំលែកដល់អ្នកកំពូលៗទាំងអស់គ្នា ឲ្យគាត់បានដឹងផង ។

ប្រភព៖ www.afoodieworld.com

Leave a comment